ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត និង សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បាននាំយកអំណោយមនុស្សធម៌ ចូលរួមមរណៈទុក្ខ ជាមួយគ្រួសារសពដែលស្លាប់ដោយរន្ទះបាញ់ និង សម្តែងការសោកស្តាយចំពោះការបាត់បង់កូន កូនប្រសារ ប្តី និង មិត្តជាទីស្រឡាញ់ ដល់ទីកន្លែង នាថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៦ ។
សូមបញ្ជាក់ថាកាលពីវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦ នៅចំណុចការដ្ឋានទី៧ ភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ មានករណីរន្ទះបាញ់ស្លាប់ប្តីនៅនឹងកន្លែងកើតហេតុ រីឯប្រពន្ធរងរបួសធ្ងន់ ។ ជនរងគ្រោះដែលជាប្តីមានឈ្មោះ មឿន សុភ័ក្ត្រ អាយុ ២៦ឆ្នាំ និង ប្រពន្ធមានឈ្មោះ មូល ស្រីតូច អាយុ ២៣ឆ្នាំ ពួកគេទាំង២នាក់ប្តីប្រពន្ធរស់នៅ និង ធ្វើការនៅរាជធានីភ្នំពេញ ហើយបានមកលេងឳពុកម្តាយ នៅឯខេត្ត (ភូមិសង្កាត់កើតហេតុខាងលើ) ។ មុនពេលកើតហេតុជនរងគ្រោះ បានទៅកាច់ទំពាំងជាមួយក្មួយស្រី ដើម្បីមកធ្វើម្ហូប ខណៈនោះមេឃស្រទុំរកភ្លៀង លាយឡុំដោយសូររន្ទះពេញផ្ទៃមេឃ ក៏នាំគ្នាស្រូតទៅផ្លាស់ក្របីនៅខាងក្រោយផ្ទះ ស្រាប់តែរន្ទះបាញ់ចំប្តីស្លាប់នៅកន្លែងកើតហេតុ រីឯប្រពន្ធរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
ក្រោយពេលកើតហេតុ ដំណឹងនេះបានទៅដល់ ឯកឧត្តម ម៉ៅ ធនិន ភ្លាមៗនោះឯកឧត្តមបានចំណាត់ការជាបន្ទាន់ ជុំវិញការជួយសង្គ្រោះស្ត្រីរងគ្រោះឲ្យបានរួចផុតពីគ្រោះថ្នាក់ និង បាននាំយកអំណោយផ្ទាល់ខ្លួន ប្រគល់ជូនគ្រួសារសពដល់លំនៅដ្ឋានកន្លែងកើតហេតុ រួមមានអង្ករ ១០០គីឡូក្រាម, មី ៣កេស, ទឹកក្រូច ២កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និង ថវិកា ១លាន ២០ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភទាំងស្រុងនូវការព្យាបាល និង ដឹកជញ្ជូនសាកសពទៅធ្វើបុណ្យនៅឯស្រុកព្រៃឈរ ខេត្តកំពង់ចាមផងដែរ ។
អំណោយបន្ថែម របស់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ថវិកា ៤០ម៉ឺនរៀល, ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ថវិកា ២០ម៉ឺនរៀល, លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ថវិកា ២០ម៉ឺនរៀល និង ទឹកដោះគោឆៅ ២យួរ ៕