លោក ចេង ឡៃ ត្រូវបានប្រកាសតែងតាំងជាអភិបាលរង ខេត្តពោធិ៍សាត់ ជាផ្លូវការនៅថ្ងៃនេះ
ពោធិ៍សាត់ ៖ លោក ចេង ឡៃ អតីតប្រធានមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម សំណង់ និង សុរិយោដីខេត្តពោធិ៍សាត់ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ត្រូវបានតែងតាំង ជាអភិបាលរងខេត្តពោធិ៍សាត់ ជំនួស លោក ម៉ក់ រ៉ា ដែលត្រូវដល់អាយុចូលនិវត្តន៍ តាមអនុក្រឹត្យលេខ ៤០១ អនក្រ.តត ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ពិធីប្រកាសតែងតាំងជាផ្លូវការ ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ សុខា ប្រធានក្រមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជាសាលាខេត្តជាច្រើននាក់ផងដែរ ។
លោក ចេង ឡៃ ទើបប្រកាសតែងតាំង ជាអភិបាលរងខេត្ត បានប្តេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីបម្រើប្រជាពលរដ្ឋ ជាពិសេសរឹតចំណងសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ត្រីក្រោមឱវាទ ជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ឬប្រកាន់នូវពូជសាសន៍ព័ណ៌សម្បុរណាមួយឡើយ ។
ឯកឧត្តម សក់ សេដ្ឋា បានធ្វើការផ្តាំផ្ញើ ដល់អភិបាលរងខេត្ត ដែលទើបទទួលការតែងតាំងថ្មីថា មន្ត្រីទាំងអស់មិនមែនតែអភិបាលរងខេត្តថ្មីទេ ត្រូវយកចិត្តទុកដាក់ទៅលើការងារ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ត្រូវចេះរួមសហការណ៍គ្នា ត្រូវខិតខំក្នុងការអនុវត្តន៍កម្មវិធីនយោបាយ និង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា ដោយជំរុញការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និង ការអភិវឌ្ឍន៍គ្រប់មូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិនានា ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមជាតិរបស់យើង ៕