ស្រូវពូជផ្ការំដួល (ស្រូវក្រអូប) ចំនួន ៨តោន ដែលរៀបចំដោយ មន្ទីរកសិកម្មខេត្ត ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ចុះផ្តល់ជូនដល់ប្រជាកសិករ ចំនួន ២០០គ្រួសារ មកពីឃុំស្យា ៣ភូមិ និង ឃុំស្រែស្តុក ៦ភូមិ ក្នុងស្រុកកណ្តៀង នៅលើខ្នងប្រឡាយ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រែកស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ សម្រាប់ចាប់ផ្តើមបើកធ្វើស្រូវដើមរដូវវស្សា ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦ ដោយមានការចូលរួមពី លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ លោកជំទាវ ហ៊ុន ចាន់ធី សមាជិកាកិត្តិយស និង សមាជិក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តជាច្រើននាក់ផងដែរ ។
ប្រជាកសិករ ដែលមកទទួលយកស្រូវពូជផ្ការំដួល ចំនួន ២០០គ្រួសារ ៖ មកពីឃុំស្យា ៣ភូមិ ស្មើនឹង ៤០គ្រួសារ និង មកពីឃុំស្រែស្តុក ៦ភូមិ ស្មើនឹង ១៦០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ស្រូវ ៤០គីឡូក្រាម ដោយអមនូវសារុងម្នាក់មួយ ជាអំណោយ របស់ឯកឧត្តម ម៉ៅ ធនិន និង លោកជំទាវ ហ៊ុន ចាន់ធី ។
ក្រោយពីចែកជូននោះរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញ ចុះដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃប្រកបដោយភាពជោគជ័យជាក់លាក់ រវាងគ្រួសារលោកយាយ សំ វ៉ាន ជាមួយប្រជាពលរដ្ឋ ១៨គ្រួសារ លើផ្ទៃដី ២២ហិកតា នៅចំណុចកែវមុន្នី ស្ថិតក្នុងភូមិព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ៕