ឧបដ្ឋានសាលា (សាលាឆាន់) និង សមិទ្ធិផលនានា ដែលមានតម្លៃសរុបជាង ២៤ម៉ឺនដុល្លារអាមេរិក ក្នុងវត្តកោះរំដួល ស្ថិតនៅក្នុងភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ ហ៊ុន ចាន់ធី ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គីសនីកម្ពុជា និង លោកជំទាវ ព្រមទាំងពុទ្ធបរិស័ទ សប្បុរសជនទាំងក្នុង និង ក្រៅប្រទេស ដែលមានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ រួមគ្នាកសាងឧបដ្ឋានសាលា (សាលាឆាន់) និង សមិទ្ធិផលនានា វត្តកោះរំដួលនេះឡើង ទុកជាសម្បត្តិនៃព្រះពុទ្ធសានា ។ ឯកឧត្តម ម៉ៅ ធនិន បានសំណូមពរ និង ផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសពុទ្ធបរិស័ទចំណុះជើងវត្តកោះរំដួល ជួយថែរក្សាការពារ និង ជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រមទាំងចូលរួមកិច្ចសហការបង្ការទប់ស្កាត់ចោរកម្ម គ្រឿងញៀន ក្មេងទំនើង និង រួមគ្នាគោរពច្បាប់ចរាចរណ៍ ។