ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់អាជ្ញាធរ ស្រុក ឃុំ និងភូមិ ធ្វើយ៉ាងណាមើលការខុសត្រូវចំពោះប្រជាពលរដ្ឋ កុំឲ្យមានអ្នកចំណូលថ្មី កុំឲ្យមានការរុករានកាប់ឆ្កាដីព្រៃរបស់រដ្ឋបន្តទៀត បងប្អូននៅត្រឹមណាសូមនៅត្រឹមហ្នឹងសិន បើមានករណីណាមួយកើតឡើង ត្រូវមានវិធានការទប់ស្កាត់ និង ចាប់ជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់ ។ ជាងនេះទៅទៀត ក្នុងនាមជាគ្រួសារតែមួយ ឯកឧត្តមនឹងបើកបេះដូងឲ្យទូលាយ ដើម្បីរងចាំដោះស្រាយបញ្ហាប្រឈម និង សំណូមពររបស់បងប្អូនជាពលរដ្ឋឲ្យទាន់ពេលវេលា ។
ការថ្លែងបែបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៣ ខែ ឧសភាឆ្នាំ ២០១៦ ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ២៦៧គ្រួសារ នៅចំណុចសាលាបឋមសិក្សាអូរធំចំការចេក ស្ថិតក្នុងភូមិអូររំចេក ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តមឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញ និង អាជ្ញាធរមូលដ្ឋានជាច្រើននាក់ទៀត ។