ក្នុងនាមជាមេគ្រួសារគ្រូពេទ្យ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ៖ កុំយកតួនាទីខ្លួនទៅធ្វើអាជីវកម្ម កុំមានបក្សពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់មន្ត្រីក្រោមឱវាទ ត្រូវគ្រប់គ្រងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមកិត្តិក្នុងការទទួលខុសត្រូវ ដូចអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើយ៉ាងណាឲ្យបាន ឲ្យលឿន និង មានតម្លាភាព ពិសេសផ្តោតទៅលើការផ្តល់សេវាសុខាភិបាលទូទាំងស្រុក ក៏ដូចជាទូទាំងខេត្តឲ្យទាន់ពេលវេលា ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញចុះសួរសុខទុក្ខ និង ជួបសំណេះសំណាលជាមួយ បុគ្គលិកសុខាភិបាល ទូទាំងស្រុកបាកានសរុបប្រមាណ ១៥២នាក់ កាលពីរសៀល ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ នៅការិយាល័យស្រុកប្រតិបត្តិបាកាន ស្ថិតក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ក្នុងឱកាសជួយសំណេះសំណាលនោះ ឯកឧត្តម បានជូនវត្ថុកំដរដៃ ដល់បុគ្គលិកសុខាភិបាល ទូទាំងស្រុកបាកានសរុបប្រមាណ ១៥២នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ចំពោះស្ត្រីមានផ្ទៃពោះទទួលបាន សារុងម្នាក់ ៥ ផងដែរ ។ គួរបញ្ជាក់ថា នេះគឺជាទំលាប់របស់ ឯកឧត្តម ម៉ៅ ធនិន និង លោកជំទាវ ហ៊ុន ចាន់ធី ដែលតែងតែគិតគូទៅដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ គ្រប់ទីកន្លែងទាំងអស់ ជាក់ស្តែងដូចជាបុគ្គលិកសុខាភិបាលនេះតែម្តង ៕