ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៦ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និង ដោះស្រាយរាល់ក្តីកង្វល់ដោយផ្ទាល់ របស់បងប្អូនអាជីវករ ចំនួន ០៣ផ្សារ មានផ្សារភ្នំក្រវាញ ផ្សាររំលេច និង ផ្សារតាលោ ក្នុងស្រុកភ្នំក្រវាញ និង ស្រុកបាកាន ដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការលើកកម្ពស់ថែទាំង អនាម័យ-បរិស្ថាន ការរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសការសម្រួល និង លើកស្ទួយ ជីវភាព របស់ប្រជាពលរដ្ឋ សំដៅរួមចំណែកអនុវត្តគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ និង ប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមអភិបាលខេត្ត បានចេញដាក់នូវយន្តការ ដើម្បីឲ្យអ្នកដែលម៉ៅភាស៊ីទាំងអស់ អនុវត្តតាមដោយមិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ី ពីលោកតា លោកយាយ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ព្រមទាំងក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រីស្រែ លាស ឬខ្ចៅខ្យង ដើម្បីចិញ្ចឹមជីវិតឡើយ គឺទុកឲ្យពួកគាត់រស់នៅបានសុខស្រួល ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានជូនថវិកាដល់លោកយាយចាស់ៗ ដែលបានយកផលិតផល និង បន្លែបង្កាបន្តិចបន្តួច មកលក់ដូរក្នុងផ្សារផងដែរ ៕