សមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ (សអក) នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បានប្រារព្ធពិធីអបអរខួបអនុស្សាវរីយ៍លើកទី០៩ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ។
កម្មវិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំតំបន់ប្រតិបត្តិការសឹករងខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តមឧត្តមសេនីយ៍ត្រី ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និង ជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលស្រុកក្រុង កងកម្លាំងប្រដាប់អាវុធ និង សមាជិក សមាជិកា សមាគមន៍យ៉ាងច្រើនកុះករ ។
គួរបញ្ជាក់ថា ការប្រារព្ធទិវានេះឡើង គឺដើម្បីឲ្យយុវជនកម្ពុជាគ្រប់រូប គ្រប់វ័យគ្រប់មជ្ឈដ្ឋាន ក្នុងសង្គម ឲ្យនឹកឃើញចងចាំទុកក្នុងចិត្ត នូវមហាពលីកម្មដ៏ធំធេង មិនមានកាត់ថ្លៃបាន ក្នុងការតស៊ូ ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ ប្រែក្លាយប្រទេសឲ្យសម្បូរសប្បាយរុងរឿង ដូចសព្វថ្ងៃនេះ ។
នៅក្នុងឱកាសនោះ អ្នកចូលរួមសរុបប្រមាណ ១៤០នាក់ ទទួលសារុងម្នាក់មួយ និង ថវិកា ១ម៉ឺនរៀល ជាអំណោយរបស់ ឯកឧត្តម ម៉ៅ ធនិន និង លោកជំទាវ ហ៊ុន ចាន់ធី ផងដែរ ៕