ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ បានអំពាវនាវឲ្យមានការដាំដើមឈើ នៅតាមទីសាធារណៈ វត្តអារាម លំនៅដ្ឋាន ឬនៅតាមដងផ្លូវនានា ពីព្រោះព្រៃឈើមានសារៈសំខាន់ណាស់ ក្នុងការជួយថែរក្សាលំនឹងបរិស្ថាន ផ្តល់ម្លប់ជ្របកោន ធ្វើជាសម្ភារប្រើប្រាស់ ធ្វើគម្របដីដាំទប់ការហូរច្រោះ ផ្តល់ជីវជាតិដល់ដីស្រែចម្ការ ស្រូបយកឧស្ម័នការបូនិក សំអាតបរិស្ថានឲ្យមានព័ណ៌បៃតងស្រស់បំព្រង ហើយផ្លែសម្រាប់ពិសា ឬលក់ដូរ ដើម្បីបង្កើននូវប្រាក់ចំណូលក្នុងគ្រួសារ។
ការអំពាវបែបនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យរុក្ខទិវាដាំដើមឈើ និងចែកកូនឈើជាង ៣ពាន់ដើម រួមមានឈើ ក្រញូង បេង ច្រេស កកោះ គគីរ ឈើទាល និងកូនឈើហូបផ្លែ ខ្នុរ ស្វាយ ម្រុំ ស្តៅ នៅបរិវេណវត្តពោធិ៍មានបុណ្យ ស្ថិតក្នុងភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី បណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុងស្រុក ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។