ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវឲ្យភាគីថៃបន្តប្រកាន់ឥរិយាបថមនុស្សធម៌តទៅទៀត ដោយចាត់ការតាមផ្លូវច្បាប់ ជំនួសការប្រើប្រាស់អាវុធចំពោះជនល្មើសទាំងឡាយ។ ជាមួយគ្នានោះ ឯកឧត្តមបានសំណូមពរឲ្យភាគីថៃ តភ្ជាប់ផ្លូវកៅស៊ូទៅដល់ព្រំប្រទល់ឲ្យបានរូចរាល់ មុនបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅព្រំប្រទល់ខេត្តត្រាត នាចុងឆ្នាំ២០១៧ខាងមុខនេះ។
ការថ្លែងឲ្យដឹងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៏ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសណ្ឋាគារ ខេ អឹម KM Hotel។