ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី២៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី២៤ ដល់មន្រ្តីគណបក្សមកពីគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការយុវជនគណបក្សចំនួន៧៦រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល។
មានប្រសាសន៍ទៅកាន់សិក្ខាកាមដែលជាមន្រ្តីគណបក្សនាឱកាសនោះ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ បានថ្លែងថា គិតមកដល់ឆ្នាំ ២០១៦ នេះ គណបក្សប្រជាជនកម្ពុជាយើងមានអាយុកាល៦៥ឆ្នាំហើយ បើប្រៀបធៀបទៅនឹងមនុស្សវ័យ៦៥ ឆ្នាំគឺជាវ័យចាស់ទុំ ហើយមានបទពិសោធន៍ក្នុងជីវិតរស់នៅ ចាស់ទាំងចិត្ត ចាស់ទាំងគំនិត ។ បើនិយាយពីគណបក្ស គឺជាវ័យដែលគណបក្សមានភាពចាស់ទុំខាងនយោបាយ និងមានបទពិសោធន៍ច្រើនក្នុងការដឹកនាំ និងការដោះស្រាយបញ្ហានានា ទាំងតូច ទាំងធំ ដែលកើតមានកន្លងមក។ ជាក់ស្តែង បើយើងពិនិត្យពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ គណបក្សបានប្រឈមនឹងឧបសគ្គធំតូចជាច្រើន ប៉ុន្តែគណបក្សបានដោះស្រាយយ៉ាងរលូន និងមានប្រសិទ្ធភាព នាំមកជូនប្រទេសជាតិ និងប្រជាជនយើង នូវសុខសន្តិភាពពេញលេញ នូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរឹងមាំ និងការកសាងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ននេះ ។ សមិទ្ធផលដែលគណបក្សសម្រេចបាននេះ គឺជាបុព្វបទ ដើម្បីឲ្យគណបក្សឈោងឈានទៅដណ្តើមជ័យជំនះធំៗ និងថ្មីៗជាងនេះទៀត នៅក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជានៅក្នុងការបោះឆ្នោត នៅគ្រប់ការបោះឆ្នោតនាពេលខាងមុខ។ ដើម្បីឈានទៅដល់ទិសដៅនោះ សម្រាប់ការបោះឆ្នោតពីរនាពេលខាងមុខ គឺការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គណបក្ស គោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស គឺរក្សាភាពឈ្នះក្នុងការបោះឆ្នោតឆ្នាំ២០១៧ និងបង្កើនភាព ឈ្នះក្នុងការបោះឆ្នោត ២០១៨ ដោយអនុវត្តនូវទិសស្លោកជាយុទ្ធសាស្ត្រ “ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស គុណភាព និងបរិមាណរបស់សមាជិក សមាជិកាគណបក្ស ដើម្បីឈ្នះឆ្នោត”។
សម្តេចក៏បានគូសបញ្ជាក់ថា វគ្គអប់រំនយោបាយនាពេលនេះ ក៏សំដៅដើម្បីលើកកម្ពស់សមត្ថភាព គុណភាព មន្ត្រីរបស់គណបក្ស ក៏ដូចជាយុវជនរបស់គណបក្សដើម្បីចូលរួមចំណែកនៅក្នុងការអនុវត្តភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់គណបក្សឲ្យបានជោគជ័យ ។