ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ និងប្រជាពលរដ្ឋ នៅក្នុងក្រុងពោធិ៍សាត់ បានមកចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ


ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ និងប្រជាពលរដ្ឋ នៅក្នុងក្រុងពោធិ៍សាត់ បានមកចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរៈរាជ្យបិតាជាតិខ្មែរ គម្រប់ខួប ៤ឆ្នាំ ដែលរៀបចំឡើងដោយរដ្ឋបាលសាលាខេត្ត នៅវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត។

ក្រោយពី សមាជិក សមាជិកា អង្គពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងព្រះសង្ឃចំនួន ២០អង្គ បង្សុកូលឧទ្ទិសថ្វាយព្រះរាជកុសលផលបុណ្យនោះរួចមក ក៏មានការអានវិយោគកថា ដោយបានបញ្ជាក់ថា នេះគឺជាបុណ្យគម្រប់ខួប ៤ឆ្នាំ ដែលទូលព្រះបង្គំយើងខ្ញុំ ជាកូនចៅ ចៅទួត ជាក្រុមប្រឹក្សា គណៈអភិបាល ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់សញ្ញាតិទូទាំងខេត្តពោធិ៍សាត់ សូមសម្តែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំក្រៃលែង រកទីបំផុតគ្មាន ចំពោះការយាងទីវង្គត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវរៈរាជ្យបិតាឯករាជ្យ បូរណៈភាព និងឯករាជ្យជាតិខ្មែរ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១២ នៅមន្ទីរពេទ្យទីក្រុងបេកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រះអង្គគឺជាព្រះមហាក្សត្រមួយព្រះអង្គ ប្រកបដោយទសពិតរាជធម៌កម្ររកបាន ជាក្សត្រមានបទពិសោធន៍ជាចាស់ទុំ ក្នុងចលនាបង្រួបបង្រួម និងផ្សះផ្សាជាតិ មហាសាមគ្គីភាព ឯកភាពជាតិរឹងមាំ ជាអគ្គពុទ្ធសាសនូបត្ថម្ភខ្មែរ និងជាព្រះរាជឧបត្ថម្ភបិតា នៃពុទ្ធសាសនិកពិភពលោក។ ការសោយព្រះទីវង្គត គឺជាការបាត់បង់នូវព្រះមហាវីរៈក្សត្រដ៏ឆ្នើម ដែលព្រះអង្គបានបូជា ព្រះកាយពល បញ្ញាញាណ ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ និងជាការបាត់បង់នូវកំពូលស្ថាបនិក សន្តិភាពជាតិ អន្តរជាតិ ដោយព្រះអង្គជាក្សត្រដ៏មានប្រជាប្រិយ៍ភាពជាទីបំផុត។ នេះជាថ្ងៃចុងក្រោយត្រូវបែកឆ្ងាយពីព្រះភក្រ្ត័ និងព្រះកាយជារៀងរហូតពីព្រះអង្គ។

ទូលព្រះបង្គំយើងខ្ញុំជាកូន ជាចៅ ចៅទួត របស់ព្រះអង្គទូទាំងខេត្តពោធិ៍សាត់ សូមលើកអញ្ជលីបូងសួង សំបូងសំរូងដល់គុណកែវទាំងបី គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបារមីព្រះមហាក្សត្រជំនាន់មុនៗ សូមជួយយិតយោង ព្រះវិញ្ញាណក្ខន្ធ សម្តេចតា សម្តេចតាទួត ឲ្យបានទៅកាន់សុគតិភព ពោលគឺសួគ៍និព្វាន កុំបីឃ្លៀងឃ្លាតឡើយ។ ទួលព្រះបង្គំយើងខ្ញុំ សូមថ្វាយព្រះរាជកុសលដល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតា ក្នុងសេរីភាព សេចក្តីថ្លៃថ្លូ និងសុភមង្គល សូមឲ្យព្រះអង្គទទួលបានសេចក្តីសុខ ចម្រើនក្នុងព្រះរាជសម្បត្តិ មានព្រះសុខភាពជន្មាយុយឺនយូ ទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋខ្មែរតរៀងទៅ។ បន្ទាប់មក ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត បានអញ្ជើញរាប់បាតដល់ព្រះសង្ឃចំនួន ២០អង្គផងដែរ៕

14639864_1807977406158704_781268721944009156_n 14642243_1807978252825286_1125842832667797438_n 14642259_1807977996158645_7870321927963101924_n 14666129_1807977956158649_6485497457366613875_n 14666218_1807978706158574_8457078041748062482_n 14670648_1807977982825313_4512341667205956610_n 14670722_1807977266158718_6192816166668079056_n 14695509_1807977269492051_5070090131955652687_n 14705610_1807977262825385_361317229181705230_n 14705858_1807977412825370_350657394373733407_n 14708344_1807977712825340_2124629478553786189_n 14713812_1807977516158693_2098709212048852715_n 14717064_1807977716158673_476634896957647103_n 14724576_1807977806158664_4720488682456569121_n 14725448_1807978236158621_7083054576605829133_n 14732332_1807978259491952_3333980847162900192_n 14732376_1807977416158703_4199710567019279569_n