ព្រះចៅអធិការវត្តហង្សាបិតិ ប្រគល់អង្ករចំនួន២តោន ដល់សាខាសមាគមនារីខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ ព្រះតេជគុណ នូវ សុគន្ធថៃ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែក ស្ថិតនៅក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បានប្រគល់អង្ករចំនួន ២តោន ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ត្រៀមសម្រាប់ជួយសង្គ្រោះ ដល់ជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រ ដែលទទួលយកដោយ លោកជំទាវ ឯម ប៉ុណ្ណា សមាជិការរដ្ឋសភាមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសាខា លោកជំទាវ ហ៊ុន ចាន់ធី ភរិយាឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយសសាខា លោកស្រី ឈឹម ស៊ីណា ប្រធានសាខា និងសមាជិកា សមាគមជាច្រើនរូបទៀត។
ព្រះតេជគុណ នូវ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី មានសង្ឃដិកាថា អង្ករចំនួន ២តោន ទិញពីទីផ្សារផ្ទាល់ រួចច្រកចូលក្នុងការុងតូចៗ ដោយក្នុងមួយការុងមានទម្ងន់១៥គីឡូក្រាម ដើម្បីងាយស្រួលក្នុងការយកទៅចែកជូន ដល់ជនងាយរងគ្រោះ និងរងគ្រោះដោយប្រការផ្សេងៗ។ ព្រះតេជគុនមានសង្ឃដិកាទៀតថា នេះមិនមែនជាលើកទី១នោះទេ ដែលកន្លងមកព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តហង្សាបិតិ តែងតែបានជួយផ្តល់នូវអង្ករ បច្ច័យ និងសម្ភារៈ ដល់ការងារសង្គមដូចជា សាខាកាកបាទក្រហមខេត្ត មន្ទីរពេទ្យខេត្ត និងកងទ័ពនៅតាមព្រំដែនជាញឹកញាប់ ជាក់ស្តែងថ្ងៃនេះដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ក្នុងការបម្រើសេវាមនុស្សធម៌ ពិសេសជួយដល់ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា និងស្ត្រីរងគ្រោះដោយប្រការផ្សេងៗ ក៏បានឆ្លើយតប និងប្រគល់ជូនភ្លាមៗ។
លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ និងលោកជំទាវ ហ៊ុន ចាន់ធី ភរិយាឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះតេជគុណ នូវ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ដែលមានព្រះទ័យគិតគូយកចិត្តទុកដាក់ ដល់កាងារសង្គមគ្រប់ពេលវេលា។ ទង្វើរ និងសកម្មភាពមនុស្សធម៌របស់ព្រះអង្គនាពេលនេះ ក៏ដូចលើមុនៗ សបញ្ជាក់ឱ្យឃើញពីព្រះទ័យជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ជាសក្ខីភាពស្រាប់។
ក្នុងនាមសាខាសមាគមសូមសន្យាថា នឹងយកអំណោយទាំងនេះ ទៅបម្រើការងារមនុស្សធម៌ ឱ្យចំគោលដៅ ទៅតាមអនុសាន៍ដ៏ថ្លៃថ្លារបស់លោកជំទាវ ម៉ែន សំអន ជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជានិច្ចកាល តែងតែបានណែនាំដល់សាខា អនុសាខា រាជធានី ខេត្ត ស្រុក ក្រុង យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ ជាពិសេសជនចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៏ ជំងឺអេដស៏ ស្រ្តីមេម៉ាយ កុមារកំពា្រ ដែលទន្ទឹងរង់ចាំជំនួយមនុស្សធម៌ចាំបាច់៕