សមិទ្ធផលស្តង់ដារដ៏ធំមួយ រួមមាន អាគារសិក្សា ៣ជាន់ ចំនួន២ខ្នង ស្មើនឹង ៣៦បន្ទប់ ព្រមទាំងបន្ទប់ការងារ និងបន្ទប់ស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ គ្រឿងបរិក្ខាសិស្ស អំពូលភ្លើងសូឡា ទីលានដីឡាដ្ឋាន របង ក្លោងទ្វារ និងផ្លូវចាក់ប៉េតុងក្នុង អនុនិងវិទ្យាល័យឈើតុំ ដែលចំណាយថវិកាជាង ៥០ម៉ឺនដុល្លារ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។
ពិធីបញ្ចុះបឋមសិលាខាងលើនេះ ធ្វើឡើងនៅបរិវេណ អនុនិងវិទ្យាល័យឈើតុំ ស្ថិតក្នុងភូមិឈើតុំ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម កែវ វីរៈ អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំឈើតុំ អាជ្ញាធរស្រុក ឃុំ លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។