ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានអំពាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រូវទៅពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទផ្សាយនៅតាមភូមិសង្កាត់រៀងៗខ្លួន ឱ្យបានទាន់ពេលវេលា ដើម្បីធានាសិទ្ធិក្នុងការបោះឆ្នោតរបស់បងប្អូន ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដែលពេញចិត្ត និងជ្រើសរើសអ្នកដឹកនាំដែលដឹងពីសុខទុក្ខរបស់បងប្អូន។
ការអំពាវរបស់ឯកឧត្តម ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជាមួយបងប្អូនអាជីវករផ្សារពោធិ៍សាត់។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការសាងសង់ដំបូលផ្សារ លើកកម្ពស់ថែទាំអនាម័យ បរិស្ថាន ការរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួលលើកការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ សំដៅរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តដឹកនាំមន្ទីរជំនាញ និងអាជ្ញារធរក្រុង ចុះពិនិត្យមើល និងផ្តល់អនុសាសន៍ល្អៗមួយចំនួន ជុំវិញផ្លូវក្នុងក្រុងដែលកំពុងឈូសឆាយចាក់កៅស៊ូបំពេញបន្ថែម និងផ្លូវបើកថ្មីផងដែរ៕