ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដែលកើតមានជាង១០ឆ្នាំ ជូនពួកគាត់


ប្រជាពលរដ្ឋ២ភូមិ សាទរដែលអភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដែលកើតមានជាង១០ឆ្នាំ ជូនពួកគាត់

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ៦៤គ្រួសារ ដែលមានវិវាទដីធ្លីព្រំប្រទល់ជាមួយប្រជាពលរដ្ឋភូមិត្បែងដង្គៀប ឃុំកញ្ជរ ស្រុកកណ្តៀង ១៣គ្រួសារ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានអបអរសារចំពោះដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏មានប្រសិទ្ធភាព របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ខណៈដែលកើតមានដ៏រ៉ាំរ៉ៃជាង១០ឆ្នាំមកហើយ លើផ្ទៃដីសរុបជិត ១០ហិកតា ជាដីគម្របព្រៃដែលបានកាត់ពីសហគមន៍ក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង មកក្នុងដែនដីរដ្ឋបាលឃុំកំពង់ពោធិ៍ ស្រុកក្រគរ ដែលប្រទាក់ក្រឡាគ្នាជាមួយឃុំកញ្ជរ និងឃុំកំពង់ពោធិ៍ ទៅលើដីអាស្រ័យផលហើយ និងដីគម្របព្រៃមិនទាន់អាស្រ័យផល។

ក្នុងកិច្ចដំណោះស្រាយជាលើកទី៤ខាងលើនេះ ត្រូវបានធ្វើឡើងនៅបរិវេណវត្តពោធិ៍អណ្តែត ស្ថិតក្នុងភូមិពោធិ៍អណ្តែត ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម អេង គន្ធា អនុប្រធានក្រុមការងារចុះជួយស្រុកក្រគរ តំណាងឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយស្រុកក្រគរ អាជ្ញាធរស្រុកក្រគរ ស្រុកកណ្តៀង និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ការចុះសម្របសម្រួល និងដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីខាងលើនេះ ជាការឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាអាណាព្យាបាលរបស់ពួកគាត់ និងក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា សម្តេចតេជោ តែងតែឈ្វេងយល់ ពីទុក្ខលំបាករបស់ប្រជាជន ហើយសម្តេចតែងតែមានប្រសាសន៍ថា “ទុក្ខលំបាករបស់ប្រជាជន គឺជាទុក្ខលំបាករបស់សម្តេច”។ ជាមួយគ្នានោះ សម្តេចតែងរម្លឹកដាស់តឿន ដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវដាក់ចិត្តបម្រើប្រជាពលរដ្ឋឲ្យបានល្អ ហើយមិនត្រូវតាំងខ្លួនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ។ ជាក់ស្តែងដូចជាទំនាស់ដីធ្លីនេះ គឺកើតមានដ៏រ៉ាំរ៉ៃជាង១០ឆ្នាំហើយ ត្រូវបានអាជ្ញាធរខេត្តដោះស្រាយ៣អាណត្តិមកហើយដែរ។ សម្រាប់យន្តការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ដើម្បីបញ្ចប់បញ្ហាទំនាស់ដីធ្លីនេះឲ្យបានឆាប់រហ័ស និងជោគជ័យ តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវសម្តែងភាពស្មោះត្រង់ និងស្រុះស្រួលគ្នាទទួលយក ឯកឧត្តមនឹងបញ្ចប់ទំនាស់នេះជូន បន្ទាប់ពីអាជ្ញាធរស្រុកទាំងពីរ និងមន្ត្រីជំនាញ បានចុះធ្វើបច្ចុប្បន្នភាពសារជាថ្មី និងបោះបង្គោលព្រំដីរួចរាល់ ទៅលើដីអាស្រ័យផលហើយ និងដីគម្របព្រៃមិនទាន់អាស្រ័យផល។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះ សូមចូលរួមថែរក្សាការពារព្រៃដែលនៅសេសសល់ទាំងអស់គ្នា ចំពោះដីដែលអាស្រ័យផលហើយ បងប្អូនអាចប្រើប្រាស់បន្តទៀតបាន។ ដោយឡែកចំពោះបងប្អូន ដែលមានដីអាស្រ័យផលច្រើនហើយ ទើបតែកាប់រានថ្មីបន្តទៀត សូមបញ្ឈប់ការកាប់រាន ដោយរក្សានៅស្ថានភាពដើម ដើម្បីងាយស្រួលឲ្យអាជ្ញាធររៀបចំដោះស្រាយជូនឲ្យបានឆាប់រហ័ស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃជាសារុងម្នាក់១ ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ៨០ម៉ឺនរៀល សម្រាប់ជប់លៀងអបអរសាទរបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះផងដែរ៕

WhatsApp Image 2017-01-19 at 4.17.16 PM WhatsApp Image 2017-01-19 at 4.17.18 PM WhatsApp Image 2017-01-19 at 4.17.19 PM WhatsApp Image 2017-01-19 at 4.18.07 PM WhatsApp Image 2017-01-19 at 4.18.10 PM WhatsApp Image 2017-01-19 at 4.18.12 PM WhatsApp Image 2017-01-19 at 4.18.14 PM WhatsApp Image 2017-01-19 at 4.18.16 PM WhatsApp Image 2017-01-19 at 4.18.20 PM WhatsApp Image 2017-01-19 at 4.18.24 PM WhatsApp Image 2017-01-19 at 4.18.26 PM WhatsApp Image 2017-01-19 at 4.18.29 PM WhatsApp Image 2017-01-19 at 4.18.30 PM WhatsApp Image 2017-01-19 at 4.18.33 PM WhatsApp Image 2017-01-19 at 4.18.35 PM WhatsApp Image 2017-01-19 at 4.18.46 PM WhatsApp Image 2017-01-19 at 4.18.54 PM WhatsApp Image 2017-01-19 at 4.19.30 PM WhatsApp Image 2017-01-19 at 4.19.36 PM WhatsApp Image 2017-01-19 at 4.20.09 PM WhatsApp Image 2017-01-19 at 4.20.32 PM WhatsApp Image 2017-01-19 at 4.20.35 PM WhatsApp Image 2017-01-19 at 4.20.36 PM WhatsApp Image 2017-01-19 at 4.20.39 PM WhatsApp Image 2017-01-19 at 4.20.41 PM WhatsApp Image 2017-01-19 at 4.20.43 PM WhatsApp Image 2017-01-19 at 4.20.44 PM WhatsApp Image 2017-01-19 at 4.20.46 PM WhatsApp Image 2017-01-19 at 4.20.48 PM WhatsApp Image 2017-01-19 at 4.20.49 PM WhatsApp Image 2017-01-19 at 4.20.50 PM WhatsApp Image 2017-01-19 at 4.20.51 PM