ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំរុញឲ្យអ្នកទទួលម៉ៅការភាស៊ី ផ្សារថ្មីពោធិ៍សាត់ ធ្វើការកែលំអជុំវិញបរិវេណផ្សារ ឲ្យមានផ្លូវចេញចូល លក់ដូរឲ្យមានសណ្តាប់ធ្នាប់ និង ឲ្យមន្ត្រីមន្ទីរជំនាញ ធ្វើការអភិវឌ្ឍន៍ផ្លូវក្នុងក្រុងដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ។ នេះជាការលើកឡើងរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងខណៈចុះសំណេះសំណាល និង ពិនិត្យស្ថានភាពក្នុងផ្សារថ្មី នាព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៥ ។ សកម្មភាពនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត, លោក ចេង ឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត, លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត, លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុង ព្រមទាំងមន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋានមួយចំនួន ។
បន្ទាប់មក ឯកឧត្តម បានបន្តចុះពិនិត្យស្ថានភាពផ្លូវលេខ ១០៤មួយខ្សែដែលមានសភាពតូចចង្អៀត ស្ថិតនៅក្នុងភូមិពាលញែក ២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលប្រជាពលរដ្ឋនៅទីនោះបានសំណូមពរឲ្យអាជ្ញាធរខេត្ត ពង្រីកផ្លូវដែលមានប្រវែង ៣២៥ម៉ែត្រ និង ទទឹងឲ្យបាន ១០ម៉ែត្រ ដោយចាក់បេតុង ឬក្រាលកៅស៊ូ ។ ដោយយោងតាមស្ថានភាពជាក់ស្តែង និង តាមការស្នើសុំយ៉ាងទទូចរបស់ប្រជាពលរដ្ឋផងនោះ ឯកឧត្តមបានឯកភាពយល់ព្រម និង បានឲ្យមន្ទីរជំនាញ ចុះធ្វើការសិក្សាវាស់វែង និង ស្ថាបនាជូនតាមកម្រិត ឲ្យបានឆាប់រហ័សនារដូវប្រាំងខាងមុខនេះ ។
ជាមួយគ្នានោះដែរ គ្រោងផ្លូវលេខ ៣០៤ មានប្រវែង ៤២៥ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដែលកន្លងមកផ្លូវនេះត្រូវបានមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បានធ្វើការវាស់វែង និង កំណត់ព្រំរួចមកហើយនោះ បណ្តាលឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ដោយសារផ្លូវគ្រោងនេះប៉ះពាល់ដល់សាលារៀន លំនៅដ្ឋានជាច្រើន ត្រូវបានឯកឧត្តមអភិបាលខេត្ត សុំឲ្យមន្ទីរជំនាញ ធ្វើការលុបចោល និង សូមឲ្យប្រជាពលរដ្ឋផ្តិតមេដាយផង ដើម្បីបញ្ជាក់អំពីផលប៉ះពាល់ទាំងនោះ ។
រាល់ការដោះស្រាយ និង ការសម្រេចចិត្តដោយសមហេតុសមផល របស់ឯកឧត្តមអភិបាលខេត្ត ធ្វើឲ្យប្រជាពលរដ្ឋសាទរយ៉ាងក្រៃលែង រស់នៅបានសុខស្រួល និង មិនព្រួយបារម្មណ៍ទៅថ្ងៃក្រោយទៀត ៕