សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានមន្ទីរផែនការខេត្ត និង នាយកទីចាត់ការផែនការ និង វិនិយោគ ២៥ រាជធានី ខេត្ត ចំនួន១០០នាក់ បានមកចូលរួមសិក្ខាសាលាផ្សព្វផ្សាយ អំពីទិដ្ឋភាពនៃការអនិវត្តគោលដៅអភិវឌ្ឍន៍ សហសវត្សន៍ នៅថ្នាក់ក្រោមជាតិ ដែលខេត្តពោធិ៍សាត់ធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៥ រយៈពេលមួយថ្ងៃ នៅសណ្ឋាគារពោធិ៍សាត់សេនជូរី រៀបចំឡើងដោយក្រសួងផែនការ និង បានការគាំទ្រពី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP ) ។
ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងការស្វាគមន៍ ចំពោះប្រតិភូទាំង២៥ រាជធានីខេត្ត ដែលបានអញ្ជើញមក ចូលរួមសិក្ខាសាលាផ្សព្វផ្សាយពី ទិដ្ឋភាពនៃការអនុវត្តគោលដៅ អភិវឌ្ឍន៍ សហសវត្សន៍ នៅថ្នាក់ក្រោមជាតិ នៅលើទឹកដីខេត្តពោធិ៍សាត់ ក្រោមការចាត់ចែង និង រៀបចំឡើងដោយក្រសួងផែនការ ។ ឯកឧត្តមបានជម្រាបជូនថា រដ្ឋបាលខេត្តមានផ្ទៃដី ១.២៦៩.២០០ហិកតា ចែកចេញក្រុង១ ស្រុក៥ មាន៤៩ឃុំ សង្កាត់ និង ៥០៧ភូមិ ប្រជាពលរដ្ឋ ៤៧៣.៣៣២នាក់ និង មាន១០៤.៦៩៥គ្រួសារក្នុងនោះអត្រាភាពក្រីក្រ ស្មើនឹង២៣.១៦% ។ ខេត្តមានសណ្ឋានដី និង តំបន់សក្តានុពលប្រភពធនធានធម្មជាតិ ដូចជា ៖ តំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ និង តំបន់ទន្លេសាប ។ ក្រៅពីនោះខេត្តមាន រមណីយដ្ឋានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រាសាទបូរាណ និង តំបន់ជាច្រើនទៀត ដែលអាចផ្តល់នូវសក្តានុពលទេសចរណ៍សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និង ក្រៅខេត្តមកលេងកំសាន្ត ។
មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ បានពាំនាំនូវការសាកសួរសុខទុក្ខ និង ផ្តាំផ្ញើ ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និង បានថ្លែងអំណរគុណចំពោះកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ដែលបានគាំទ្រដល់អង្គសិក្ខាសាលា ។ ឯកឧត្តមបានថ្លែងថា ៖ ក្រុមការងារវិមជ្ឈការ វិសហមជ្ឈការ និង សិទ្ធិកុមារនៃក្រសួងផែនការ បានសិក្សារៀបចំកម្រងសំណួរស្រង់ និង បែបបទទិន្នន័យ ស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច តាមបណ្តាឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ រាជធានី ខេត្ត ក្នុងការកសាងផែនការអភិវឌ្ឍន៍ និង កម្មវិធីវិនិយោគ ក៏ដូចជាការធ្វើសេចក្តីសម្រេចចិត្តនានា របស់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។ ឯកឧត្តមបានសម្តែងនូវការកោតសរសើវាយតម្លៃថា សមាជិក សមាជិការ អង្គសិក្ខាសាលាខិតខំយកចិត្តទុកដាក់ និង ពិនិត្យតាមដាននូវរាល់ឯកសារក្នុងការធ្វើបទបង្ហាញ ដោយលោក មាន ថាវរៈ ប្រធាននាយកដ្ឋាន ផែនការថ្នាក់ក្រោមជាតិនៃក្រសួងផែនការ សម្រាប់ជាជំនួយស្មារតីដល់ការរៀបចំផែនការ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់រាជធានី ខេត្តទាំង២៥ ប្រកបដោយតម្លាភាព និង ប្រសិទ្ធិភាព ៕