អគារសម្ភព និង រោគស្រ្តីមួយខ្នង រួមជាមួយសម្ភារៈបរិក្ខា និង គ្រឿងសង្ហារឹម សរុបថវិកាអស់ចំនួន ២២ម៉ឺនដុល្លារអាមេរិក នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកក្រវាញ ដែលមានទីតាំងស្ថិតនៅក្នុងឃុំលាច ស្រុកភ្នំក្រវាញ ត្រូវបានឯកឧត្តមសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ ។
បន្ទាប់ពីកាត់ខ្សែបូ សម្ពោធអគារសម្ភព និង រោគស្ត្រីនោះរួចមក ឯកឧត្តមគណៈអធិបតី បានអញ្ជើញសំណេះសំណាល និង នាំយកអំណោយមួយចំនួន ទៅចែកជូនស្ត្រីសម្រាល និង ត្រៀមសម្រាលកូន ១៥នាក់ ក្នុងម្នាក់ៗ ទទួលបានឃីត ១កញ្ចប់ ថវិកា ២ម៉ឺនរៀល និង អ្នកជំងឺកំពុងសម្រាកព្យាបាល មានចំនួន ២៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ២ម៉ឺនរៀល និង បានចូលរួមដាំកូនឈើទុកជាអនុស្សាវរីយ៍នាពេលនោះផងដែរ ៕