ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក អញ្ជើញធ្វើជាវាគ្មិនកិត្តិយសបកស្រាយពីទំនាក់ទំនង កម្ពុជា និងសហរដ្ឋអាមេរិក
(សហរដ្ឋអាមេរិក)៖ តាមការអញ្ជើញពីវិទ្យាស្ថាន US-KI, SAIS នៃសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមធ្វើជាវាគ្មិនកិត្តិយស ក្នុងបទបង្ហាញមួយស្តីពីទំនាក់ទំងកម្ពុជា និងសហរដ្ឋអាមេរិក (Cambodia-US Relations) ដែលពិធីនេះត្រូវបានប្រារព្វធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅសាលសន្និសីទ Kenny Auditorium នៃសាកលវិទ្យាល័យ Johns Hopkins ក្នុងទីក្រុងវ៉ាស៊ីតុន។
នៅក្នុងបទបង្ហាញនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ពីស្ថានភាព និងភាពចាំបាច់នៃទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរក្នុងដំណាក់កាលផ្សេងៗគ្នា និងផ្តល់ជាអនុសាសន៍ជាក់ស្តែងនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបានថ្លែងថា បើទោះជាគ្រាកន្លងទៅកម្ពុជា និងសហរដ្ឋអាមេរិក មានបញ្ហាមួយចំនួន ដែលតម្រូវឲ្យប្រទេសទាំងពីរមានការសម្រេចផ្សេងគ្នាយ៉ាងណាក៏ដោយ លោកមានជំនឿទៅលើភាពសុទិដ្ឋិនិយមសម្រាប់ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកក្នុងពេលអនាគត។
ក្នុងបទអន្តរាគមន៍ដែលមានរយៈពេលប្រមាណ ៤០ នាទី ឯកឧត្តមបានធ្វើការសង្កត់ធ្ងន់ ទៅលើយន្តការជាក់ស្តែងនានា ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង រវាងប្រទេសទាំងពីរដែលក្នុង នោះលោកបានឲ្យតម្លៃខ្ពស់ចំពោះការជឿជាក់គ្នា ការបន្តការស្វែងយល់ពីគ្នាឲ្យកាន់ តែច្បាស់ និងកិច្ចប្រឹងប្រែងក្នុងការកាត់បន្ថយនូវការយល់ច្រលំរវាងគ្នានិងគ្នា។
ឯកឧត្តម ហ៊ុន ម៉ានី ជាវាគ្មិនកម្ពុជាទី១ ដែលត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសដោយ សាកលវិទ្យាល័យ Johns Hopkins។ លោកជាវាគ្មិនមួយរូបស្ថិតក្នុងចំណោមវាគ្មិនកិត្តិយស ពិភពលោកផ្សេងៗទៀត ដែលធ្លាប់បានអញ្ជើញមកសាកលវិទ្យាល័យនេះធ្វើបទបង្ហាញ ក្នុង នោះរួមមានលោកស្រី Hilary Clinton អតីតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Hamid Karzai អតីតប្រធានាធិបតីអាហ្គានីស្ថាន លោក Donald Rumsfeld អតីត រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក។ល៕
ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក អញ្ជើញធ្វើជាវាគ្មិនកិត្តិយសបកស្រាយពីទំនាក់ទំនង កម្ពុជា និងសហរដ្ឋអាមេរិក
