សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា អនុញ្ញាតឲ្យ លោក George Edgar ឯកអគ្គរដ្ឋទូតថ្មី របស់សហគមន៍អឺរ៉ុបបានចូលជួបសម្តែងការគួរសម


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះអនុញ្ញាតឲ្យ លោក George Edgar ឯកអគ្គរដ្ឋទូតថ្មី របស់សហគមន៍អឺរ៉ុប ប្រចំាកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសដ៏មានតម្លៃនោះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងពីទំនាក់ទំនងរវាងកម្ពុជា-សហគមន៍អឺរ៉ុប រយៈពេលជាង២០ឆ្នាំមកនេះ បានបោះជំហ៊ានទៅមុខគួរឲ្យកត់សម្តាល់ ក្នុងការពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបណ្តាប្រទេសក្នុងសហគមន៍អ៊ឺរ៉ុប។ ជាពិសេសសសហគមន៍អ៊ឺរ៉ុប បានអនុគ្រោះពន្ធនាំចូលដល់កម្ពុជា ដែលនាំសហភាពអឺរ៉ុប ក្លាយជាទីផ្សារ ដ៏ធំបំផុតលំដាប់ទី១ សម្រាប់ការនាំចេញ ផលិតផលពីកម្ពុជា ពិសេសសម្លៀកបំពាក់ និងអង្ករជាដើម។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ហេង សំរិន ក៏បានថ្លែងអរគុណសហគមន៍អឺរ៉ុប ដែលបានគាំទ្រការអភិវឌ្ឍន៍ ប្រទេសកម្ពុជា ស្ទើរគ្រប់វិស័យ ដូចជាការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស អប់រំ សុខាភិបាល កសិកម្ម វិស័យអភិបាលកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាពិសេសនយោបាយអនុគ្រោះពន្ធដល់កម្ពុជា ដែលធ្វើឲ្យមានកំណើនពាណិជ្ជនាំចេញពីកម្ពុជា កើនឡើងជាបន្តបន្ទាប់។

ដោយឡែកលោកឯកអគ្គរដ្ឋទូតថ្មី បានសម្តែងនូវក្តីរីករាយ សប្បាយចិត្តដោយឃើញទំនាក់ទំនងយ៉ាងល្អ រវាងសហគមន៍អ៊ឺរ៉ុប និងកម្ពុជា កាន់តែមានភាពរឹងមាំនិងជិតស្និត។ ជាមួយគ្នានេះ លោកសន្យានឹង ខិតខំបន្តបំពេញការងារឲ្យកាន់តែខ្លាំងខ្លាថែមទៀត ក្នុងអាណត្តិថ្មី រយៈពេល ៤ឆ្នាំនេះ៕

12728943_891193540993456_190689122196521000_n 12742513_891193534326790_3833324553037428911_n