អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ត្រូវបាន ឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវ ហ៊ុន ចាន់ធី យកទៅប្រគល់ជូនប្រជាពលរដ្ឋ រងគ្រោះភ្លើងឆេះផ្ទះ ចំនួន ៣គ្រួសារ នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ ។ គ្រួសាររងគ្រោះ បណ្តាលមកពីទុស្សេខ្សែភ្លើង នាវេលាម៉ោង ៣៖២០នាទីរសៀល ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ ឆេះផ្ទះអស់ ២ខ្នង និង ទ្រព្យសម្បត្តិមួយចំនួនធំនោះគឺ ១-សៀង សុខុន ភេទប្រុស អាយុ ៤៨ឆ្នាំ ជាម្ចាស់ផ្ទះ, អៀង ស្រីណៃ ភេទស្រី អាយុ ២៥ឆ្នាំ ជាប្រជាពលរដ្ឋជួលផ្ទះគេស្នាក់នៅ រយៈពេល២ឆ្នាំមកហើយ, ២-អ៊ុង សុវណ្ណ ភេទប្រុស អាយុ ៦៨ឆ្នាំ ជាអ្នកសារព័ត៌មានសុជីវធម៌ ឆេះអស់ផ្ទះទំហំ ៥x៦ ប្រក់សង្ក័សី ជញ្ជាំងក្តារ លាយស្លឹក និង សម្ភារៈអស់មួយចំនួនធំ តែសំណាងល្អមនុស្សគ្មានគ្រោះថ្នាក់អ្វីឡើយ ។
អំណោយដែលត្រូវប្រគល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម តង់ខៀវ១ ស្រាក់១ឈុត មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ធំ និង ថវិកា៥០ម៉ឺនរៀល ។
ដោយឡែកលំនៅដ្ឋានដែលឆេះអស់ ឯកឧត្តម និង លោកជំទាវ រួមជាមួយក្រុមការងារចុះជួយសង្កាត់ និង អាជ្ញាធរក្រុង នឹងជួយសាងសង់ផ្ទះជូន ទាំង៣គ្រួសារ តាមលទ្ធភាពជាក់ស្តែង ។ ចំពោះគ្រួសារឈ្មោះ អៀង ស្រីណៃ ឯកឧត្តមនឹងផ្តល់កង់ ០១គ្រឿង សម្រាប់ជាមធ្យោបាយលក់ដូរ និង ដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ប្រជាការពារចំនួន ១៥នាក់ ដែលជួយអន្តាគមន៍ក្នុងហេតុការណ៍នោះ ឯកឧត្តម ឧបត្ថម្ភជូនក្នុងម្នាក់ ៣ម៉ឺនរៀលផងដែរ ៕