ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ត្បិតតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ពិតមែន ក៏ប៉ុន្តែសាសនាណា ក៏ដូចសាសនាណាដែរ ពោលគឺដឹកនាំយើងទៅរកផ្លូវល្អ ត្រឹមត្រូវ មានគុណធម៌ សច្ចៈធម៌ សច្ចៈភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ជាងនេះទៅទៀតឯកឧត្តមបានបញ្ជាក់ផងដែរថា គ្រប់សាសនាទាំងអស់ ក្នុងប្រទេសកម្ពុជា គឺបានចាប់កំណើត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ស្របជាមួយគ្នា ដែលជាគុណបំណាច់ដ៏ធំធេងរបស់សម្ដេចទាំង៣ បានរំដោះឲ្យរួចផុត ពីរបបទមិឡឥតសាសនា ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ មានសម្ដេចធម្មពោធិសាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ការថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញបើកពិធីផ្សព្វផ្សាយសង្ឃប្រកាស នៃអនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៤ នាព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅបរិវេណវត្តសូរិយា សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។