លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និង ជាអនុប្រធានគណៈកម្មាធិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានជម្រុញឲ្យសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ត្រូវតែបង្កើនសមត្ថភាពចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះនារីជាឆ្អឹងខ្នងសេដ្ឋកិច្ច និង ជាកម្លាំងចលករ ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង ទេសចរណ៍ ប្រកបដោយនិរន្តភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកជំទាវ មាន សំអាន បានលើកឡើងបែបនេះ ក្នុងខណៈដែលលោកជំទាវ បានចូលរួមជាអធិបតី ក្នុងពិធីសន្និបាត ប្រជុំបូកសរុបការងារឆ្នាំ ២០១៥ និង លើកទិសដៅអនុវត្តឆ្នាំ ២០១៦ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់ នារសៀលថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ ។