ប័ណ្ណកម្មសិទ្ធិដីធ្លី ត្រូវរក្សាទុក្ខឲ្យបានល្អ និង ប្រុងប្រយ័ត្ន កុំឲ្យបាត់បង់ ព្រោះវាជាមាសប្រាក់ដ៏សំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និង ជាសិទ្ធិស្របច្បាប់ពេញលេញ ក្នុងការផ្ទេរ និង បែងចែកដល់កូនចៅ ។
នេះគឺជាការលើកឡើង របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ចំនួន ០៣ភូមិ គឺភូមិស្យា ភូមិបង្គោល និង ភូមិស្ទឹងក្រោម និង ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ០២ភូមិ គឺភូមិទួលគូ និង ភូមិគៀន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន ១៤០២ប័ណ្ណ ស្មើនឹង ១៥២១ក្បាលដី ដល់ប្រជាពលរដ្ឋចំនួន ៤៦៣គ្រួសារ នាព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅបរិវេណវត្តភូមិស្ទឹង ភូមិស្ទឹង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត, អស់លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, ក្រុមនិស្សិតនៃសកលវិទ្យាល័យចំការដូង ប្រមាណ ៥០នាក់ ក៏បានអញ្ជើញចូលរួម និង ដកស្រង់យកបទពិសោធន៍ ពាក់ព័ន្ធទៅនឹង ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តពោធិ៍សាត់ផងដែរ ។