កាលពីព្រឹកថ្ងៃទី ២៨ ខែ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញមក បើកការដ្ឋាន គម្រោងធ្វើអោយប្រសើរឡើងផ្លូវជាតិលេខ២១ ដែលមានប្រវែង ៦៣,៦គីឡូម៉ែត្រ ក្រោមកម្ចីឥណទានលេខ KHM-12 (EDCF-EXIM BANK OF KOREA) ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរេ ដែលមានថវិកាសរុប ចំនួន ៦១,៦លានដុល្លារ ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារ និងថវិកាបដិភាគ ៩,០៦ លានដុល្លារ ។ គម្រោងនេះត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនអន្តរជាតិ DASAN Consultant Co.Ltd និងសាងសង់ដោយក្រុមហ៊ុន Hanshin E&C Co.Ltd ។
ផ្លូវជាតិលេខ ២១ នេះគឺជាផ្លូវមួយដែលមានចំងាយជិតជាងគេពីភ្នំពេញទៅវៀតណាម ផ្លូវជាតិនេះបានចាប់ផ្តើមធ្វើការស្តារទន្ទឹមគ្នានឹងនយោបាយតភ្ជាប់សមាហរណកម្មផ្ទៃក្នុងជាតិ។ ផ្លូវជាតិលេខ២១ នេះ នឹងក្លាយទៅជាសរសៃឈាមដ៏សំខាន់មួយរួមចំណែកកែប្រែតំបន់ដាច់ស្រយាលតាមព្រំដែនអាចភ្ជាប់មកជាទីប្រជុំជនបង្កលទ្ឋភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសក្នុងស្រុកកោះធំ និងស្រុកស្អាង ។ ម្យ៉ាងទៀតផ្លូវនេះនឹងក្លាយទៅជាបណ្តាញផ្លូវដឹកជញ្ជូនទំនិញ និងផលិតផលផ្សេងៗរបស់ប្រជាពលរដ្ឋមកកាន់ទីក្រុងភ្នំពេញ និងទៅវៀតណាមផងដែរ។ កាលណាមានផ្លូវល្អហើយនោះ តម្លៃនៃការ
ដឹកជញ្ជូនក៏ចុះថោកដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសកូរ៉េដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ជាពិសេសតាមរយៈការផ្តល់ជំនួយផ្សេងៗ ។ ទំនាក់ទំនង កម្ពុជា-កូរ៉េ គឺបានចាប់បដិសន្ឋិឡើងនៅឆ្នាំ ១៩៩៦ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ដែលបានពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការរហូតមកទល់សព្វថ្ងៃនេះ។
ទន្ទឹមនឹងការសាងសង់ផ្លូវជាតិលេខ ២១ នេះ សម្តេចតេជោ បានសំណូមពរបងប្អូនប្រជាពលរដ្ឋរស់នៅដងផ្លូវជាប់គំរោងនេះ មេត្តាយោគយល់ចំពោះផលប៉ះពាល់ទាំងការប៉ះពាល់លំនៅដ្ឋាន និងការដ្ឋានសាងសង់ដែលអាចបង្កសម្លេងរំខានផ្សេងៗអំពីគ្រឿងចក្រជាដើម។
ទន្ទឹមនឹងយើងមានផ្លូវល្អប្រើប្រាស់ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ។ សូមគោរពស្រឡាញ់ជីវិតខ្លួនឯង និងគោរពជីវិតអ្នកដ៏ទៃផង។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ បានអញ្ជើញបញ្ជាគ្រឿងចក្របើកការដ្ឋានសាងសង់ផ្លូវលេខ ២១ ចាប់ពីពេលនេះតទៅ៕