ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សូមឲ្យលោកគ្រូអ្នកគ្រូ ក្នុងស្រុកបាកានទាំងអស់ ទទួលរូបលោកជាសមាជិកថ្មីម្នាក់ទៀត គ្រប់ក្រុមគ្រួសារ ទោះជាកូន ជាឪពុក ជាបង ឬជាប្អូនក្ដី ដើម្បីបានរស់នៅជាក្រុមគ្រួសារតែមួយ ដឹងសុខទុក្ខគ្នារាល់ថ្ងៃ ហើយបើមានបញ្ហាអ្វីកើតឡើងដោយអយុត្តិធម៌ យើងត្រូវការពារ និង ជួយគ្នាទៅវិញទៅមក មិនឲ្យសត្រូវណាមកបំបែកបំបាក់បានឡើយ ។ ការលើកឡើងបែបនេះ នៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកគ្រូអ្នកគ្រូ មកពីមត្តេយ្យ បឋម និង មធ្យមសិក្សា ទូទាំងស្រុកបាកាន ប្រមាណ ៩០០នាក់ នាព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន រំលេច ស្ថិតក្នុងភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។