ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី ១៩ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល
នៅព្រឹកថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៦ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា មានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី ១៩ ដល់មន្រ្តីគណបក្សមកពីគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត និងសកម្មជនយុវជនគណបក្សចំនួន ៧២ រូប ។ ថ្លែងទៅកាន់សិក្ខាកាមជាមន្រ្តីគណបក្ស លោកជំទាវ ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានគូសបញ្ជាក់ថា ឆ្នាំ ២០១៦ ជាឆ្នាំទី ៣ នៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលនីតិកាលទី ៥ នៃរដ្ឋសភា ហើយក៏ជាឆ្នាំដែលយើងត្រូវត្រៀមលក្ខណសម្បត្តិឲ្យបានគ្រប់គ្រាន់ សម្រាប់ការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងបទបញ្ញាតិនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ ។ ពិនិត្យលើគ្រប់ទិដ្ឋភាពសង្គម សភាពការណ៍ឆ្នាំ ២០១៦ និងបណ្តាឆ្នាំបន្តបន្ទាប់ទៀត នឹងនៅតែផ្តល់ភាពអនុគ្រោះសម្រាប់គណបក្សប្រជាជនកម្ពុជា ។ ជាក់ស្តែង គណបក្សយើងនៅតែមានប្រៀប និងមានកម្លាំងគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសភាពការណ៍ទូទៅឲ្យមានស្ថិរភាព ទាំងខាងនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច និងការបរទេស ។ នៅក្នុងបរិការណ៍នេះ ការកសាងបក្សឲ្យរឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង កាន់តែមានសំណូមពរខ្ពស់ ដើម្បីធានាកម្លាំងប្រយុទ្ធរបស់គណបក្សទាំងក្នុងការដឹកនាំ ទាំងក្នុងការប្រកួតប្រជែងដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតខាងមុខទៀត ជាពិសេស ការកសាងពង្រឹងជួរមន្រ្តីបង្គោលរបស់គណបក្សនៅគ្រប់ថ្នាក់ និងយុវជនគណបក្ស អំពីទស្សនៈ គោលជំហរ និងសតិអារម្មណ៍ ឲ្យឆ្លើយតបនឹងសំណូមពរនៃភារកិច្ចនយោបាយក្នុងដំណាក់កាលបច្ចុប្បន្ននេះផង និងសម្រាប់រយៈពេលយូរអង្វែងផង ។ បើយើងមានជួរមន្រ្តីល្អប្រពៃ ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ជាពិសេស ក្នុងការបម្រើប្រជាជន នោះប្រជាជននឹងកាន់តែមានជំនឿលើមន្រ្តីរបស់យើង ក៏ដូចជំនឿលើការដឹកនាំរបស់គណបក្ស ។ បើប្រជាជនមានជំនឿលើការដឹកនាំរបស់គណបក្ស ប្រជាជននឹងបោះឆ្នោតជូនគណបក្សយើង ។ ជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស ត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌ ។ មានគុណធម៌ គឺត្រូវមានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ។ ទាក់ទងនឹងវគ្គសិក្សានេះ លោកជំទាវ ក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមគ្រប់រូបត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា និងអនុវត្តនូវប្រការកំណត់នានារបស់វគ្គប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ៕