ការរីកចំរើនផ្នែកវិស័យទេសចរណ៍ក្នុងឆ្នាំ ២០១៥ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង៤,៨លាននាក់


វិស័យទេសចរណ៍គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យផ្សេងៗទៀត ដែលមានការរីកចម្រើនជាលំដាប់ ហើយបានរកចំណូលជូនប្រជាជនដោយផ្ទាល់ និងប្រយោលរាប់លានដុល្លារក្នុងមួយឆ្នាំៗ ជាក់ស្តែងក្នុងឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៤,៨លាននាក់ គឺកើនឡើងប្រមាណ៦.១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ ហើយក្នុងឆ្នាំ២០១៥ វិស័យទេសចរណ៍កម្ពុជា បានរកប្រាក់ចំណូលបានចំនួន៣លានដុល្លារអាមេរិក ដែលរួមចំណែក១៣ភាគរយ នៃផលទុនសរុប ហើយបានផ្តល់ការងារដោយផ្ទាល់ ដល់ប្រជាពលរដ្ឋជាង៦០ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ទៀត លើសពីនេះ តាមការទស្សទាយ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ ត្រឹមឆ្នាំ២០២០ និងអាចបង្កើតប្រាក់ចំណូល៥លានដុល្លារសហរដ្ឋអាមេរិក។

ថ្លែងក្នុងវេទិកាទេសចរណ៍មេគង្គលើកទី៣៧ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងក្នុងសណ្ឋាគារសុខា ខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានឱ្យដឹងថា យោងតាមការសិក្សានាពេលថ្មីៗនេះ បានរកឃើញថា គោលបំណងនៃអ្នកធ្វើដំណើរបច្ចុប្បន្ន គឺដើម្បីស្វែងរកនូវបទពិសោធន៍ពិត (authentic experience) មានន័យថា នៅពេលទេសចរទៅទស្សនាតំបន់ណាមួយ ពួកគេមិនត្រឹមគ្រាន់តែចង់សម្រាកលំហែរកាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចង់ស្វែងរកបទពិសោធន៍ ប្រកបដោយអត្ថន័យ និងមិនអាចបំភ្លេចបាន ដែលភ្ជាប់ជីវិតរបស់ពួកគេទៅនឹងវប្បធម៌ ធម្មជាតិ និងអនុស្សាវរីយ៍ជាមួយប្រជាជន នៅតំបន់នោះផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ទាំងនេះគឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍវិស័យទេសចរកម្ពុជា ទៅថ្ងៃអនាគត ហើយការនាំបទពិសោធន៍ទេសចរ ទៅជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចជាឱកាសដ៏ល្អប្រសើរ ក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងថែរក្សាបាននូវរបៀបរបប ប្រពៃណីរបស់ពួកគាត់ផងដែរ។

13626600_984372645008878_1726093064954801434_n 13495201_984372728342203_7897376227933151628_n 13592277_984372731675536_878804694177705832_n 13600192_984372648342211_5227518900598966741_n 13612164_984372688342207_6028622926269967457_n 13620059_984372675008875_1445116870565496836_n 13620712_984372651675544_8540867303308837330_n 13620932_984372678342208_5081434493645280814_n