ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះទៅសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ប្រកបដោយប្រសិទ្ធភាព និងជឿជាក់បំផុតរវាងភាគី(ក) ឈ្មោះ ហង្ស សឿន និងភាគី(ខ) ឈ្មោះ វ៉ាន វឿន ដែលភាគីទាំងសងខាង មានការប្តឹងផ្តល់កើតទុក្ខមិនសុខចិត្តជាង៥ឆ្នាំមកហើយ ពាន់ព័ន្ធទៅនឹងករណីរំលោភយកដីលំនៅដ្ឋាន ដែលមានទំហំ ៥០x៣០០ម៉ែត្រ ត្រង់ចំណុចអូរកំបោរ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងកិច្ចដំណោះស្រាយក្រៅប្រព័ន្ធតុលាការនេះ ធ្វើឡើងនៅសាលាស្រុកវាលវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តទទួលបន្ទុក លោកអនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរស្រុក និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។