នៅរសៀលថ្ងៃដដែលនេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅថ្មីនៅក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញបន្តដំណើរមកពិនិត្យមើលការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលកំពុង សាងសង់យ៉ាងមមារញឹក។ ការសាងសង់សម្រាប់ដំណាក់កាលទី១ អាចនឹងបញ្ចប់នៅ ខែ តុលា ២០១៧ ខាងមុខ ដែលអាចដាក់អោយដំណើរការបានប្រមាណ 50MW ហើយដំណាក់កាលទី២ អាចនឹងបញ្ចប់នៅឆ្នាំ ២០១៨ ដែលមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបាន 400MW។ វារីអគ្គិសនីនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ HYDRO POWER LOWER SESAN 2 CO. Ltd (ដែលមានក្រុមហ៊ុន Royal Group និង ក្រុមហ៊ុនចិន Hydrolancang) ។ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យធ្វើការសិក្សាពីលទ្ធភាពគម្រោងនៅ ឆ្នាំ ២០០៧ និងបានចុះហត្ថលេខាកិច្ចព្រមព្រៀងវិនិយោគសាងសង់ នៅឆ្នាំ ២០១២។
គម្រោងអភិវឌ្ឍន៍ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ ជាប្រភេទគម្រោងសាង សង់អាជីវកម្ម និងផ្ទេរ (BOT) មានរយៈពេល ៤០ឆ្នាំ គិតចាប់ផ្តើមតាំងពីដំណើរការធ្វើអាជីវកម្ម និងត្រូវបញ្ជូនអគ្គិសនីពីអនុស្ថានីយ៍សេសានតង់ស្យុង ២៣០ គីឡូវ៉ុលទៅ ស្ថានីយ៍ ស្ទឹងត្រែងចម្ងាយ ៣៦ គីឡូម៉ែត្រ ហើយបញ្ជូនបន្តទៅកាន់រាជធានីភ្នំពេញតាមរយៈបណ្តាញជាតិបញ្ជូនអគ្គីសនីស្ទឹងត្រែង-ក្រចេះ-កំពង់ចាម- ភ្នំពេញ ។
គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីនេះជាគំរោងធំជាងគេបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយថាមពលពីវារីអគ្គិសនីនេះនឹងជួយបន្ថែមវិសាលភាពដល់បណ្តាញជាតិ ជាពិសេសគឺជាមូលដ្ឋានដ៏ចំបងក្នុងការបញ្ចុះថ្លៃអគ្គិសនីនាពេលអនាគត។ នៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងសម្បូរភ្លើងប្រើប្រាស់ហើយ។ នេះគឺជាការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលតែងតែគិតគូដល់ប្រទេសជាតិ៕