ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស ព្រមទាំងសមាជិក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅចូលរួម ក្នុងពិធីកាន់បិណ្ឌវេនទី១១ ជាមួយពុទ្ធបរិស័ទនៅវត្តសាយ ដែលជាវត្តអត្ថខាត់មួយ ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូបចំពោះព្រះពុទ្ធរូប និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ ព្រះសម្មាសាម្ពុទ្ធនោះរួចមក ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេន នូវទេយ្យវត្ថុ ដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តព្រះធាតុ រួមមានទានធូប ស្ករស ចង្ហាន់៣ឆ្នាំងធំ អង្ករ១០០គីឡូក្រាម ទឹកក្រូច៧កេស ទឹកសុទ្ធ៧កេស បច្ច័យ១លានរៀល សីលវ័ន្តសីលវន្តី ម្នាក់ៗក្រណាត់ស ០១ដុំ ប្រជាការពារ និងកងកម្លាំង ម្នាក់ៗថវិកា២ម៉ឺនរៀល។
គួរបញ្ជាក់ថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យកាន់វេនតាមវត្តអត្ថខាត់ នៃបណ្តាក្រុងស្រុកទូទាំងខេត្ត ចំនួន៥វេន រួមមាន៖
-វេនទី៩ ថ្ងៃទី២៥ ខែកញ្ញា វត្តពោធិ៍មានបុណ្យ ឃុំស្នាមព្រះ ស្រុកបាកាន
-វេនទី១១ ថ្ងៃទី២៧ ខែកញ្ញា វត្តសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ
-វេនទី១២ ថ្ងៃទី២៨ ខែកញ្ញា វត្តព្រះធាតុ ឃុំស្រែស្តុក ស្រុកកណ្តៀង
-វេនទី១៣ ថ្ងៃទី២៩ ខែកញ្ញា វត្តកោះរំដួល ឃុំអន្សាចំបក់ ស្រុកក្រគរ
-វេនទី១៤ ថ្ងៃទី៣០ ខែកញ្ញា វត្តសុភី ឃុំស្រែស្តុក សង្កាត់រលាប៕