ផ្លូវចាក់ប៉េតុង ផ្លូវគ្រួសក្រហម បង្គោលភ្លើង សួនច្បារ ព្រះវិហារកសាងថ្មី និងសមិទ្ធផលនានាផ្សេងៗទៀត ដែលចំណាយថវិកាអស់ ៨៤លានរៀល និងជាង ១៦ម៉ឺនដុល្លារទៀត ជាថវិការបស់លោក លោកស្រី សប្បុរសជនរស់នៅក្នុង និងក្រៅប្រទេស ព្រមទាំងព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវបាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ នៅបរិវេណវត្តបឹងខ្នារ ស្ថិតភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងពិធីនោះក៏បានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត, លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងប្រតិភូសមាគមកម្ពុជា ទ្រទ្រង់អំពើល្អជាសកល មានសមាជិក ១០ប្រទេស ជាក់ស្តែងចូលរួម ៣ប្រទេស រួមមាន ថៃ ឡាវ និងភូមា។
ជាចុងក្រោយឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីឲ្យបានគ្រប់ៗគ្នា និងអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ដែលមាននៅក្នុងវត្តបឹងខ្នារជាផ្លូវការ ព្រមទាំងបានរាប់បាតប្រគេនចង្ហាន់ព្រះសង្ឃជាច្រើនអង្គផងដែរ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន និងក្រុមការងារ បានបន្តអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ៣នាក់ឳពុកកូន និងមីង ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តបាឡែនមួយគ្រឿង បើកលឿនបានរ៉េចង្កូតបុករះ ចូលផ្ទះលក់ចាប់ហួយ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងកើតក្បាលស្ពានថ្ម ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សម្ភារៈប្រគល់ជូនគ្រួសារសពរួមមាន អង្ករ ១០០គីឡូក្រាម, តែ ១០កញ្ចប់, ស្ករស ៥គីឡូក្រាម, មី ១កេស, ទឹកក្រូច ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៥០ម៉ឺនរៀល ក្រៅពីនោះនៅមានសម្ភារៈ និងថវិកា ចូលរួមពីក្រុមការងារយុវជនខេត្ត សហភាពសហព័ន្ធយុវជនខេត្ត និងសាខាកាកបាទក្រហមខេត្ត សម្រាប់ទុកចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕