ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទំនប់ស្ទាក់ទឹកទី៣ និងទី៥ ចំនួន ១៧៤គ្រួសារ លើ១៨៥គ្រួសារ គប្បីប្រើប្រាស់ដីអាស្រ័យនេះឲ្យអស់លទ្ធភាព ហាមលក់ដូរ ។ នេះជាការលើកឡើង របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងពិធីបែងចែក និង ចាប់ឆ្នោតទទួលយកដីអាស្រ័យផល (ដីកសិកម្ម) ជូនប្រជាពលរដ្ឋ ចំនួន ១៧៤គ្រួសារ លើ១៨៥គ្រួសារ ដែលរងផលប៉ះពាល់ទំនប់ស្ទាក់ទឹកទី៣ និង ទី៥ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ នៅចំណុចខ្សាំង នាព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ ដែលរៀបចំដោយអាជ្ញាធរខេត្ត សហការជាមួយអន្តរក្រសួង ។
គួរបញ្ជាក់ផងដែរថា ៖ ប្រជាពលរដ្ឋ ដែលមកតាំងទីលំនៅ នៅចំណុចខ្សាំង ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ចំនួន១៧៤គ្រួសារ លើ១៨៥គ្រួសារ ដែលរងផលប៉ះពាល់ទំនប់ស្ទាក់ទឹកទី៣ និង ទី៥ ត្រូវបានអាជ្ញាធរខេត្ត សហការជាមួយអន្តរក្រសួង ធ្វើការបែងចែក និង ចាប់ឆ្នោតទទួលយកដីកសិកម្ម សរុបចំនួន ៥២២ហិកតា បន្ទាប់ពីទទួលបានដីសង់លំនៅដ្ឋានរួចមកហើយ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានបន្តចុះពិនិត្យមើលការស្ថាបនា ដំបូលតូបលក់ដូរផ្សារថ្មីប៉ែកខាងមុខ ធ្វើយ៉ាងណាពន្លឿនការសាងសង់ ឲ្យមានសោភណ្ឌភាព មានផ្លូវចេញចូលបានស្រួល លក់ដូរមានសណ្តាប់ធ្នាប់ និង ទៅតាមស្តង់ដារ ស្របតាមសំណូមពររបស់បងប្អូនអាជីវករក្នុងផ្សារពោធិ៍សាត់ ៕