ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ បានប្រគល់ម៉ូតូ Honda Wave ចំនួន ៣គ្រឿង ដល់វរៈសេនាតូចការពារព្រំដែនលេខ ៥០៨ តាមការសន្យាដោះស្រាយជូន កាលពីដើមខែមេសា ក្នុងឱកាសចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា ការផ្តល់ជូនម៉ូតូនាពេលនេះ គឺទៅតាមសំណូមពរមធ្យោបាយនៃការទ្រទ្រង់ជីវភាព និងភាពចាំបាច់របស់កងទ័ព ក្នុងវរៈសេនាតូចការពារព្រំដែនលេខ៥០៨ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្ត ដើម្បីពង្រឹងខឿនការពារឲ្យមានប្រសិទ្ធិភាពខ្ពស់តាមខ្សែបន្ទាត់ព្រំដែន។ ជាមួយគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើដល់លោកមេបញ្ជាការ មេបញ្ជាការរង វរៈសេនាតូចការពារព្រំដែនលេខ ៥០៨ ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាមួយកងកម្លាំងគ្រប់កងឯកភាពឲ្យបានល្អប្រសើរ ជាពិសេសកងកងកម្លាំងជួរមុខ ការពារខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រូវចេះថែរក្សាសុខភាពឲ្យបានជាប្រចាំ ព្រោះរដូវនេះជារដូវវស្សាទៀតផង។